Friday, December 9, 2016

ម៉ុង ឫទ្ធី ប្រគល់ជូនផ្ទះថ្មថ្មី អាហារ៣ពេល ការងារសមរម្យ ដល់គ្រួសារកុមាររងគ្រោះ






ក្រោយពេលដែលគ្រួសារកុមាររងគ្រោះដោយទារុណកម្ម បានយល់ព្រមទៅរស់នៅតំបន់អភិវឌ្ឍន៍កែវផុស លោកឧកញ៉ា ម៉ុង ឫទ្ធី បានប្រគល់ផ្ទះថ្មថ្មីមួយបន្ទប់ ដែលទើបតែសាងសង់រួច ផ្តល់អាហារ ៣ពេលក្នុងមួយថ្ងៃទាំងគ្រួសារ និងផ្តល់ការងារសមរម្យអស់មួយជីវិត។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់លោកឧកញ៉ា ម៉ុង ឫទ្ធី ចេញផ្សាយនៅថ្ងៃនេះ។
លោកបានបន្តថា នៅវេលាម៉ោង ៥ ល្ងាចនេះ ក្រុមការងារសម្តេចតេជោ ហ៊ុន សែន នឹងដឹកជញ្ជូនពួកគាត់ទៅតំបន់កែវផុស ដែលលោកឧកញ៉ា នឹងផ្គត់ផ្គង់ទាំងការស្នាក់នៅ និងការហូបចុក ហើយមានទាំងសាលាឲ្យកូនរៀន មានភ្លើងអគ្គិសនី មានបង្គន់អនាម័យ និងគ្មានការរំលោភបំពាន។
កាលពីម្សិលមិញនេះ លោកឧកញ៉ា បានជួបកុមាររងគ្រោះដោយផ្ទាល់នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ នឹងបានផ្តល់ទឹកប្រាក់ ១០០ដុល្លារអាមេរិក ព្រមទាំងផ្តែផ្តាំដល់ឪពុកម្តាយកុមាររងគ្រោះ ដែលចុងក្រោយពួកគាត់ក៏យល់ព្រមទៅរស់នៅតំបន់កែវផុស ដូចការផ្តែផ្តាំ៕

កូរ៉េ បោះទុន ៣០លានដុល្លារ បង្កើតរោងចក្រកែច្នៃដំឡូងមី នៅខេត្តក្រចេះ


ក្រុមហ៊ុន SINGSONG Industrial (Cambodia) របស់ប្រទេសកូរ៉េ បានបោះទុនប្រមាណជា ៣០លានដុល្លារអាមេរិក សាងសង់រោងចក្រកែច្នៃដំឡូងមីលើផ្ទៃដីទំហំជិត ២៣ហិកតា ស្ថិតនៅខេត្តក្រចេះ។ នេះបើយោងតាមការឲ្យដឹងពីក្រសួងបរិស្ថាន។ រោងចក្រកែច្នៃដំឡូងមីនេះ ចាប់ផ្តើមដំណើរការកាលពីខែកុម្ភៈកន្លងទៅ ដែលមានសមត្ថភាពផលិតម្សៅដំឡូងមីបាន ២៤០តោនក្នុងមួយថ្ងៃ ដោយត្រូវការដំឡូងមីស្រស់ចំនួន ៨៩០តោន ជារៀងរាល់ថ្ងៃ។ បច្ចុប្បន្នក្រសួងបរិស្ថាន កំពុងពិនិត្យ និងផ្តល់យោបល់លើ របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងលើ គម្រោងវិនិយោគរបស់ក្រុមហ៊ុន SINGSONG Industrial (Cambodia) Co., Ltd. ដែលមានទីតាំងស្ថិតនៅភូមិអូរឬស្សី២ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ គួរបញ្ជាក់ដែរថា ក្រុមហ៊ុន SINGSONG អាចនឹងក្លាយជា ឧស្សាហកម្មនាំមុខគេនៃការកែច្នៃដំឡូងមី ក្នុងខេត្តក្រចេះ ដែលទិញដំឡូងមីពីប្រជាពលរដ្ឋ ផ្តល់ឱកាសការងារសម្រាប់ប្រជាពលរដ្ឋ និងជួយថែរក្សាបរិស្ថានធម្មជាតិផងដែរ៕

Source: https://postnews.media/business/104833

រាជរដ្ឋាភិបាល​ជ្រើសរើស​ពលទាហាន​១៣០នាក់ បំពេញក្រប​ខ័ណ្ឌ​​ឲ្យអង្គភាព​វិស្វកម្ម​កងឯកភាព​អង្គរក្ស​ សម្តេច ជា ស៊ីម​​ ដែលធ្វើ​មរណកាល​បាត់​ទៅហើយ​




ថ្វីដ្បិត​ សម្តេចអគ្គ​មហា​ធម្មពោធិសាល​ ជា ស៊ីម អតីត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​អតីតជា​ប្រធាន​ព្រឹទ្ធសភា​នៃព្រះរាជាណាចក្រកម្ពុជា បាន​ទទួល​មរណភាព​បាត់​ទៅ​ហើយ​ក្តី ក៏អង្គភាព​វិស្វកម្មមួយ​ចំណុះ​នាយកដ្ឋាន​វិស្វកម្ម​ក្រសួង​ការពារជាតិ​ នៅតែមាន​ឈ្មោះ​សម្តេច​អគ្គមហាធម្មពោធិសាល​ ជា ស៊ីម ដដែល​ គឺ​ «អង្គភាព​វិស្វកម្ម​ កងឯកភាព​អង្គរក្ស​សម្តេច​អគ្គ​មហា​ធម្មពោធិសាល​ ជា ស៊ីម»។ យោង​តាម​សំណើរបស់​ឯកឧត្តមនាយ​ឧត្តម​សេនីយ៍​ផ្កាយ​មាស​៤​ ទៀ​​ បាញ់ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ គឺកាល​ពីខែតុលា ឆ្នាំ២០១៦ កន្លងទៅថ្មីៗ​ រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងជាប្រមុខ ​បាន​សម្រេច​អនុញ្ញាត​ឲ្យ​ក្រសួង​ការពារ​ជាតិ​​ជ្រើសរើស​ពល​ទាហាន​ចំនួន​១៣០នាក់ សម្រាប់​បំពេញ​ក្របខ័ណ្ឌ​ឲ្យ​អង្គភាព​វិស្វកម្ម​កងឯកភាព​អង្គរក្ស​សម្តេច​អគ្គមហាធម្មពោធិសាល​​ ជា​ ស៊ីម ចំណុះ​នាយក​ដ្ឋាន​វិស្វកម្ម​ក្រសួង​ការពារជាតិ​ ដោយ​សេចក្តីសម្រេច​​លេខ​១១៤សសរ ចុះថ្ងៃទី​១១ ខែតុលា ឆ្នាំ២០១៦៕

Source: http://www.dtn7.com/2016/12/09/16868.html/

Thursday, December 8, 2016

ផ្ទះតម្លៃទាប ២៤០០ខ្នង គ្រោងបើកការដ្ឋាននៅថ្ងៃ ៧ មករា ២០១៧ខាងមុខនេះ



ផ្ទះល្វែងតម្លៃទាប-មធ្យម សម្រាប់មន្រ្តីរាជការ គ្រោងនឹងបើកការដ្ឋានសាងសង់ផ្ទះ ២៤០០ខ្នង នៅថ្ងៃទី ៧ ខែមករា ឆ្នំា ២០១៧ខាងមុខនេះ។ នេះបើយោងតាមប្រសាសន៍របស់លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងកាលពីម្សិលមិញនេះ។
ផ្ទះល្វែងតម្លៃទាប-មធ្យម អាចនឹងមានតម្លៃប្រមាណ ២ម៉ឺនទៅ ២ម៉ឺន៥ពាន់ដុល្លារអាមេរិក ដែលអនុញ្ញាតិឲ្យអ្នកទិញបង់រំលោះត្រឹមតែ ៨០ដុល្លារក្នុងមួយខែ រហូតដល់ទៅ ២០ឆ្នាំ។
លោកបន្តថា ផ្ទះនេះគឺសម្រាប់មន្រ្តីរាជការដែលមានប្រពន្ធកូន មិនមែនសម្រាប់អ្នកនៅលីវនោះទេ ហើយការសាកល្បងសាងសង់នេះគឺ មិនមែនដេញជើងបុរីទេ តែចង់ដឹងថា អាចជួយបានកម្រិតណា។
គោលការណ៍ពិសេសមួយ របស់គម្រោងលំនៅដ្ឋានតម្លៃទាប-មធ្យមគឺ សម្រាប់លោកអ្នកដែលមានប្រាក់ខែក្រោម ៥០០ដុល្លារអាមេរិក។ នេះបើយោងតាមការឲ្យដឹងពី លោក សៀ ឫទ្ធី អគ្គនាយកក្រុមហ៊ុន WorldBridge Land។
គម្រោងលំនៅដ្ឋានតម្លៃទាប-មធ្យមគឺ មានលក្ខខណ្ឌពិសេសជាច្រើន ដែលក្រុមហ៊ុនសហការជាមួយរាជរដ្ឋាភិបាល បានរៀបចំសម្រាប់ប្រជាជនមានជីវភាពទាប-មធ្យមអាចទិញបាន នឹងធានាមិនមានការទិញសម្រាប់លក់បន្ត ឬរកផលចំនេញដោយអ្នកមាននោះទេ។
ផ្អែកតាមគោលការណ៍ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់ប្រជាជនដែលមានចង់ទិញលំនៅឋាននេះ គឺតម្រូវឲ្យពួកគេមានគ្រួសារ មានប្រាក់ខែក្រោម ៥០០ដុល្លារ និងរស់នៅក្នុងផ្ទះនោះរហូតដល់ ៥ឆ្នាំយ៉ាងតិច និងគ្មានសិទ្ធិលក់បន្តនោះទេ ហើយលក្ខខណ្ឌបន្ថែមទៀត ក្រុមហ៊ុនកំពុងសិក្សាបន្ថែមជាមួយរាជរដ្ឋាភិបាល។
គួរបញ្ជាក់ថា គម្រោងលំនៅដ្ឋានតម្លៃទាប-មធ្យម អាចនឹងមានកម្ពស់ ២ជាន់ នឹងស្ថិតនៅចម្ងាយត្រឹមតែ ១៧គីឡូម៉ែត្រ ពីចំណុចកណ្តាលនៃរាជធានីភ្នំពេញ៕
Source: https://postnews.media/business/105934/amp-on

ម៉ុង ឫទ្ធី៖ អាជីវករដំណាំកៅស៊ូកុំទាន់អស់សង្ឃឹម ខ្ញុំរកទីផ្សារនៅប្រទេសអេស្ប៉ាញបានហើយ






លោកឧកញ៉ា ម៉ុង ឫទ្ធី បានប្រាប់ដល់អាជីវករ ដែលប្រកបអាជីវកម្មលើដំណាំកៅស៊ូទាំងអស់ កុំទាន់អាលអស់សង្ឃឹម ព្រោះលោករកទីផ្សារបាននៅ Valencia ប្រទេសអេស្ប៉ាញហើយ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ លោកឧកញ៉ា ម៉ុង ឫទ្ធី ចេញផ្សាយនៅថ្ងៃនេះ។ លោកបានបញ្ជាក់ថា នេះជាការសាកល្បងនាំចេញលើកទី២ហើយ ដែលគេទទួលស្គាល់ថា កៅស៊ូធម្មជាតិរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គឺមានគុណភាពខ្ពស់អាចទទួលយកបាន។ លើសពីនេះទៅទៀត វាក៏ជាលើកទីមួយហើយ ដែលមានកៅស៊ូក្រែបតំបន់ឆ្នេរសមុទ្រ ត្រូវបាននាំចេញពីព្រះរាជាណាចក្រកម្ពុជា ទៅកាន់សហគមន៍អឺរ៉ុប ហើយជោគជ័យនេះ ក៏ជាក្តីសង្ឃឹមសម្រាប់អាជីវករទាំងអស់ ដែលប្រកបអាជីវកម្មដំណាំកៅស៊ូ។ គួរបញ្ជាក់ដែរថា លោកឧកញ៉ា ម៉ុង ឫទ្ធី តែងតែចាត់ទុកដំណាំកៅស៊ូ ជាដង្ហើមសេដ្ឋកិច្ចដ៏ធំមួយរបស់កម្ពុជា បើទោះបីជាតម្លៃកៅស៊ូនៅកម្ពុជា ធ្លាប់ធ្លាក់ចុះខ្លាំង ក៏លោកអំពាវនាវកុំឲ្យអាជីវករដែលប្រកបមុខរបរកៅស៊ូ បោះបង់ ឬកាប់ចោលឲ្យសោះ៕

Source: https://postnews.media/business/105438/amp-on